សង្គមស៊ីវិលដាក់ញត្តិតាមបណ្ដាស្ថានទូតបរទេសឱ្យជួយអន្តរាគមន៍បន្ទាន់លើជម្លោះកម្ពុជា-ថៃ

ក្រុមអង្គការសង្គមស៊ីវិលបាននាំគ្នាដាក់ញត្តិទៅបណ្ដាស្ថានទូតនៃក្រុមប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសទាំង១៨ប្រទេស ឱ្យបន្តរក្សាការប្ដេជ្ញាចិត្ត និងចាត់វិធានការសម្របសម្រួលជាបន្ទាន់ ក្នុងការកោះប្រជុំពិគ្រោះយោបល់គ្នា ដើម្បីទប់ស្កាត់ការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក រស់ សុដ្ឋា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​អង្គការ សមាគម និង​សហជីព​ចំនួន​១០៦ស្ថាប័ន បាន​គាំទ្រ​ការ​ដាក់​ញត្តិ​ទៅ​បណ្ដា​ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស។

លោក​បាន​បន្ត​ថា នៅ​ថ្ងៃ​ទី២០ ខែសីហា ញត្តិ​បាន​ដាក់​ទៅ​ដល់​ស្ថាប័ន​និង​ស្ថានទូត​ចំនួន​១០​ប្រទេស រួម​មាន​ស្ថានទូត​បារាំង (France) អង់គ្លេស (England) អាល្លីម៉ង់ (Germany) សហរដ្ឋអាមេរិក (USA) ចិន (China) ឥណ្ឌា (India) អូស្ដ្រាលី(Australia) ឥណ្ឌូនេស៊ី (Indonesia) សិង្ហបុរី (Singapore) និង​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ហើយ​នឹង​បន្ត​ដាក់​ទៅ​ប្រទេស​ចំនួន​៩ទៀត រួមមាន​ស្ថានទូត​ប្រទេស​ថៃ (Thailand) វៀតណាម (Vietnam) ឡាវ (Loa) ម៉ាឡេស៊ី (Malaysia) និងជប៉ុន (Japan) ជាដើម រួមទាំងអង្គការសហប្រជាជាតិ នៅថ្ងៃទី ២១ ខែសីហា។

គ្រប់​ស្ថានទូត​ទាំង​អស់​បាន​សន្យា​ថា បន្ត​យក​បញ្ហា​នេះ និង​បញ្ជូន​សារ​របស់​យើង​គឺ​ញត្តិ​នេះ ទៅ​តំណាង​ឱ្យ​ប្រទេស គឺ​មាន​នាយក​រដ្ឋមន្ត្រី ប្រធានាធិបតី​និង​ព្រះមហាក្សត្រ​នៃ​សមាជិក​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស ដើម្បី​លោក​ពិចារណា​លើ​សេចក្ដី​ស្នើ​របស់​ពួក​យើង។

—  លោក រស់ សុដ្ឋា

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​បង្ក​ឡើង​ដោយ​យោធា​ថៃ កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់ បង្ខំ​ឱ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ភៀស​ខ្លួន សាលា​រៀន​បិទ​ទ្វារ និង​ប៉ះពាល់​តំបន់​បេតិកភណ្ឌ​វប្បធម៌ ដែល​ជា​ទង្វើ​បំពាន​ច្បាប់​អន្តរជាតិ និង​គំរាមកំហែង​ដល់​ស្ថិរភាព​និង​សន្ដិភាព​ក្នុង​តំបន់។

មាត្រា៥ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​ចែង​ថា ក្នុង​ករណី​មាន​ការ​រំលោភ ឬ​ការ​គំរាមកំហែង​រំលោភ​លើអ​ធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ការ​មិន​អាច​រំលោភ​បាន​នៃ​ដែន​ដី​នៃ​កម្ពុជា បណ្ដា​ភាគី​ក្នុង​កិច្ចព្រមព្រៀង​ទាំង​នេះ ត្រូវ​ពិគ្រោះ​ជាបន្ទាន់ ដើម្បី​អនុម័ត​រាល់​វិធានការ​សមស្រប ដើម្បី​ធានា​ការ​គោរព​ដល់​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​នេះ និង​ដោះស្រាយ​រាល់​ការ​រំលោភ​ទាំង​នោះ​តាម​មធ្យោបាយ​សន្តិវិធី។

ការ​ដាក់​ញត្តិ​របស់​អង្គការ​សង្គមស៊ីវិល​ទាំង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​លិខិត​ទៅ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី ១១ ខែសីហា​ថា កិច្ច​ព្រមព្រៀង​ឈប់​បាញ់​កម្ពុជា-ថៃ កំពុង​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​ធ្ងន់ធ្ងរ បន្ទាប់ពី​ទាហាន​ថៃ​បន្ត​រំលោភ​ចូល​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា​ដោយ​ដាក់​ពង្រាយ​កម្លាំង​បន្ថែម និង​បញ្ជូន​គ្រឿង​ចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ ជីក​លេណដ្ឋាន រាយ​បន្លាលួស និង​រុះរើ​ផ្ទះ​សម្បែង​ពលរដ្ឋ​ខ្មែរ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។