លោក ហ៊ុន សែន បានសរសេរបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែសីហាថា ប្រសិនបើថៃអាចចាប់ខ្លួនមេដឹកនាំកម្ពុជាបាន នោះកម្ពុជាក៏អាចចាប់ខ្លួនមេដឹកនាំថៃមួយចំនួនបានដូចគ្នា ដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជា។
លោកបានបន្តថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ គឺមិនស្គាល់អ្វីដែលជាច្បាប់ទម្លាប់ និងមិនចេះផ្នែកការទូត ហើយអាចបំផ្លាញការបង្កើតជំនឿទុកចិត្តនិងឈានទៅរកទំនាក់ទំនងល្អនឹងគ្នាឡើងវិញ និងបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់។
ប្រតិកម្មពីលោក ហ៊ុន សែន បានកើតឡើងបន្ទាប់ពីសារព័ត៌មានថៃ Khaosod បានចុះផ្សាយដោយដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ ដែលបានលើកឡើងថា ក្រុមប្រឹក្សាសន្ដិសុខជាតិថៃបានចាត់តាំងឱ្យក្រុមមេធាវីនិងប៉ូលិស រៀបចំពាក្យបណ្ដឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដើម្បីដាក់ទៅតុលាការថៃប្ដឹងលោក ហ៊ុនសែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីបទប្រើប្រាស់កម្លាំងទ័ពវាយប្រហារលើប្រទេសថៃ។
មេដឹកនាំថៃរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នឹងត្រូវបានចាប់ខ្លួនភ្លាមៗ ប្រសិនបើមានវត្តមាននៅក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីស្ដីទីថៃបានបញ្ជាក់ថា ប្រទេសថៃមិនអាចប្ដឹងមេដឹកនាំកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឡើយ ដោយសារប្រទេសថៃមិនបានទទួលស្គាល់យុត្ថាធិការរបស់តុលាការអន្តរជាតិមួយនេះ។
ទោះជាយ៉ាងណាក្ដី កម្ពុជាបានប្ដឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិថា យោធាថៃជាអ្នកបានប្រកាសធ្វើសង្គ្រាម ហើយបានបើកការឈ្លានពានចូលទឹកដីកម្ពុជា ដោយប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ រួមមានយន្តហោះចម្បាំង F-16 និងដ្រូន ដើម្បីទម្លាក់គ្រាប់បែកចង្កោម និងបាញ់ផ្សែងពុលជាដើម វាយប្រហារលើទីតាំងប្រាសាទព្រះវិហារ វត្តអារាម សាលារៀន និងលំនៅឋានពលរដ្ឋជាច្រើនកន្លែង បន្ទាប់ពីប្រទេសថៃមិនព្រមទទួលយកការស្នើរបស់ភាគីកម្ពុជាដើម្បីឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យជួយកាត់ក្ដីសម្រេចលើតំបន់ព្រំដែនមានជម្លោះ។
លើសពីនេះ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ដែលនាយករដ្ឋមន្ត្រីប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅក្នុងប្រទេសម៉ាឡេស៊ី យោធាថៃនៅតែបន្តសកម្មភាពឈ្លានពានតាមព្រំដែនរំលោភលើបទឈប់បាញ់ ដោយបានដាក់ពង្រាយកម្លាំងទ័ពបន្ថែមចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា រំលោភចូលដីអ្នកភូមិ ដើម្បីឈូសឆាយធ្វើផ្លូវ និងជីកធ្វើលេណដ្ឋានជាដើម។
នៅថ្ងៃទី១៩ ខែសីហា ទាហានថៃក៏បាននាំក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នអាស៊ាន រួមទាំងអនុព័ន្ធយោធាប្រទេសព្រុយណេ (Brunei) ម៉ាឡេស៊ី (Malaysia) ឡាវ (Laos) ឥណ្ឌូណេស៊ី(Indonesia) មីយ៉ាន់ម៉ា (Myanmar) ហ្វីលីពីន (Philippines) សិង្ហបុរី (Singapore) និង វៀតណាម (Vietnam) ចូលមកជ្រៅក្នុងទឹកដីកម្ពុជានៃតំបន់អានសេះ ក្នុងខេត្តព្រះវិហារ ដោយមិនបានជូនដំណឹងជាមុនដល់កងទ័ពកម្ពុជា និងបានបង្កឱ្យមានការប៉ះទង្គិចពាក្យសម្ដីគ្នា។
ជុំវិញបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា បានយល់ឃើញថា ការធ្វើសកម្មភាពរបស់យោធាថៃដើម្បីបង្កហេតុមិនចេះចប់នៅតាមព្រំដែនជាមួយកម្ពុជា គឺបង្ហាញថា ផ្ទៃក្នុងថៃមិនមានការស្រុះស្រួលគ្នា ដើម្បីធ្វើឱ្យមានសន្ដិភាពជាមួយបណ្ដាប្រទេសជិតខាងឡើយ ហើយការប្រកាសរបស់មេដឹកនាំថៃ ចង់ចាប់ខ្លួនមេដឹកនាំកម្ពុជា គ្រាន់តែនយោបាយប្រជាភិថុតិ ដើម្បីបោកប្រាស់ពលរដ្ឋថៃ សម្រាប់ទាក់ទាញប្រជាប្រិយភាពប៉ុណ្ណោះ។
អ្វីដែលគេមើលឃើញទូទៅ មិនថាអ្នកដែលតាមដាននយោបាយក្នុងតំបន់ និងពិភពលោក គឺប្រទេសថៃស្ថិតក្នុងភាពបែកបាក់គ្នា ស្ថិតក្នុងភាពប្រកួតប្រជែងគ្នារវាងបក្សកាន់អំណាច និងក្រុមយោធា។
— លោក ប៉ោ មករា
ក្រសួងការបរទេសកម្ពុជាបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដែរថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ ដើម្បីប្រើប្រាស់ប្រព័ន្ធច្បាប់ក្នុងប្រទេសថៃចាប់ខ្លួនមេដឹកនាំកម្ពុជា ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងទាំងអស់នាពេលកន្លងមក ដើម្បីសម្រេចបានបទឈប់បាញ់យូរអង្វែង និងដើម្បីស្ដារសន្ដិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។
ក្រុមប្រទេសដែលផ្ដួចផ្ដើមឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ រួមមានម៉ាឡេស៊ី អាមេរិក និងចិនជាបានលើកឡើងដូចគ្នាថា ពួកគេកំពុងតាមដានដោយយកចិត្តទុកដាក់លើបទឈប់បាញ់រវាងប្រទេសថៃនិងកម្ពុជា។ នៅថ្ងៃទី១៩ ខែសីហា ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានបង្ហោះលើហ្វេសប៊ុកថា លោកបានហៅទូរស័ព្ទទៅលោក ហ៊ុន ម៉ាណែត ដើម្បីជជែកពាក់ព័ន្ធនឹងការវិវឌ្ឍចុងក្រោយ នៃការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ និងការងាររបស់ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។